Edinson Cavani មិនអាចបង្ហាញមុខភ្លាមៗសម្រាប់ក្រុម Man Utd ទេ ពីព្រោះត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃសិន
ព័ត៌មានកីឡា
259

ខ្សែប្រយុទ្ធ Edinson Cavani ​ត្រូវបង្ខំចិត្ត​ដាក់ខ្លួន​នៅ​ដាច់ដោយឡែក នឹង​ត្រូវ​រង់ចាំ​ការបង្ហាញមុខ​លើកដំបូង​សម្រាប់​ក្រុម Man Utd បន្ទាប់ពី​សម្រេចកិច្ចព្រមព្រៀងផ្ទេរ​នៅ​ថ្ងៃចុងក្រោយ​នៃរដូ​វកាល​ទិញដូរកីឡាករ​។

ការចរចារវាងក្លឹប Man Utd និង​កីឡាករ​វ័យ​៣៣​ឆ្នាំរូបនេះ​ទទួលបានផល​យ៉ាងឆាប់រហ័ស​នៅថ្ងៃចុងក្រោយ​នៃរដូវកាល​ទិញដូរ​ មុន​ពេល​កីឡាករ​រូបនេះ​សម្រេចទទួល​យក​កិច្ច​ព្រមព្រៀង​លេង​រយៈ​ពេល​២​ឆ្នាំ​ ជាមួយ​ក្លឹប Man Utd ជាមួយ​នឹង​ប្រាក់ឈ្នួល ២១០.០០០​ផោន​ក្នុងមួយសប្តាហ៍​ បន្ទាប់ពី​កាត់ពន្ធរួច​។

បន្ទាប់ពី​ចប់​កិច្ច​សន្យា​ជាមួយ​ក្លឹប PSG ខ្សែប្រយុទ្ធរូបនេះ បានសម្រាកលំហែ​មួយ​រយៈ​ខ្លី​ ដោយបាន​រស់នៅ​ក្នុងចំណោម​ពលរដ្ឋទូទៅ​នៅក្នុងប្រទេសបារាំង ជាជាងនៅក្នុងស្ថានភាព​សុវត្ថិភាព​មួយ ។

តាម​គោលការ​ណែនាំ​របស់​អង់គ្លេស​ បុគ្គលណាដែលមកពីបារាំងចូល​មកក្នុងប្រទេសរបស់ខ្លួន នឹងត្រូវតែ​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​១៤​ថ្ងៃ​ ដែល​ធ្វើ​ឲ្យ​ Cavani ត្រូវ​ពន្យារការបង្ហាញមុខ​លើកដំបូង​របស់ខ្លួនសម្រាប់ក្រុម Man Utd។

អវត្តមាន​របស់ Cavani សម្រាប់ប្រកួត​បន្ទាប់នេះ គឺជាសម្ពាធមួយ​ទៀត​សម្រាប់គ្រូបង្វឹកក្លឹប​ Man Utd ​លោក Ole Gunnar Solskjaer ដែល​នឹង​អវត្តមាន​ Anthony Martial បន្ទាប់ពី​កីឡាករសញ្ជាតិ​បារាំងរូបនេះ​ទទួល​កាតក្រហម​ អំឡុង​ពេល​ប្រកួត​ជាមួយ​ក្រុម Spurs កាល​ពីថ្ងៃអាទិត្យ​៕